សង្ខេប​បច្ចេកទេស

វិបស្សនា ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ មនុស្ស​ជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣង្វែង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​កាល​ពី​ជាង ២៥០០ ឆ្នាំ​មុន​នេះ។ វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង ដោយ​ការពិនិត្យ​មើល​ខ្លួនឯ​ង។ ជា​ដំបូង គេ​ចាប់​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ ដើម្បី​ផ្ចង់​ចិត្ត​ឲ្យ​មូល។ ដោយ​មាន​សតិ​ដឹង​យ៉ាង​មុត​នេះ គេ​ពិនិត្យ​មើល​ធម្មជាតិ​ផ្លាស់​ប្តូរ​របស់​កាយ និង ចិត្ត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​សាកល​នៃ ឣនិច្ចំ, ទុក្ខំ និង ឣនត្តា។ ការសម្រេច​នូវ​សេចក្តី​ពិត​ដោយសារ​ការពិសោធន៍​ផ្ទាល់​នេះ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់។ មាគ៌ា​ទាំងមូល (ធម៌) ជាឱសថ​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​សាកល ហើយ​គ្មាន​ឣ្វី​ជាប់​ទាក់ទង​ជាមួយ​នឹង​សាសនា ឬ និកាយ​ណា​មួយ​ឡើយ។ ដោយ​ហេតុ​នេះ បច្ចេកទេស​នេះ​ឣាច​យក​មក​បដិបត្តិ​បាន​ជា​ទូទៅ ដោយ​សេរី នៅ​គ្រប់​ទី​កន្លែង គ្រប់ពេល ដោយ​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​ពូជ​សាសន៍, វណ្ណ:, សាសនា​ណា​មួយ​ឡើយ ហើយ​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​ដូចគ្នា​ជាទូទៅ។

តើ​ឣ្វី​ទៅ​ដែល​មិនមែន​ជា​វិបស្សនា៖

  • វិបស្សនា មិនមែន​ជា​ពិធី​បុណ្យ ឬ ពិធី​សាសនា​ដែល​មាន​សទ្ធា​ងងឹត​ងងល់​ជា​មូលដ្ឋាន​ឡើយ។
  • វិបស្សនា មិនមែន​ជា​ល្បែង​កំសាន្ត​ខាង​ប្រាជ្ញា​ឈ្លាសវៃ ឬ​ជា​ទស្សនវិជ្ជា​ទេ។
  • វិបស្សនា មិនមែន​ជា​ពេលសម្រាក​សម្រាប់​ព្យាបាល​ជំងឺ, មិនមែន​ជា​ថ្ងៃ​ឈប់​បុណ្យ ឬ​ជា​ឱកាស​ល្អ​ណា​មួយ​ដើម្បី​ឲ្យ​មនុស្ស​ក្នុង​សង្គម​ប្រាស្រ័យ​ទាក់ទង​គ្នាដោយ​ប្រការ​ណា​មួយ​ឡើយ។
  • វិបស្សនា មិនមែន​ជា​ការគេចវេះ​ឲ្យ​ផុត​ពី​បញ្ហា, ពី​ទុក្ខ​ព្រួយ​នៃ​ការរស់នៅ​រាល់​ថ្ងៃ​ទេ។

តើ​ឣ្វី​ទៅ​ជាវិបស្សនា:

  • វិបស្សនា ជា​បច្ចេកទេស​មួយ​ដើម្បី​គាស់​រំលើង​ទុក្ខ​ឲ្យ​ដាច់​ឫស​គល់។
  • វិបស្សនា ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ ដែល​នាំ​មនុស្ស​ឲ្យ​ចេះ​ប្រឈម​មុខ​ចំពោះ​ភាពតានតឹង និង បញ្ហា​ជីវិត​ទាំងឡាយ ប្រកប​ដោយ​ចិត្ត​ស្ងប់ស្ងៀម និង មាន​លំនឹង។
  • វិបស្សនា ជា​របៀប​រស់នៅ ដែល​នាំ​មនុស្ស​ឲ្យ​ធ្វើ​វិភាគទាន​ជា​កុសល​ចំពោះ​សង្គម។

វិបស្សនា​កម្មដ្ឋាន​មាន​គោល​បំណង​ឆ្ពោះ​ទៅ​រក​គោលដៅ​ផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់​បំផុត​នៃ​ការរំដោះ​ទុក្ខ និង ការត្រាស់ដឹង​ពេញ​បរិបូណ៌។ គោលដៅ​របស់​វិបស្សនា​គឺ​មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ​ឲ្យ​បាន​ជា​សះ​ស្បើយ​ទេ។ ប៉ុន្តែ​ដោយសារ​លទ្ធផល​បន្ទាប់​បន្សំ​ដែល​កើត​មក​ពី​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ នុ៎ះ​មាន​ជំងឺ​ផ្លូវ​ចិត្ត និង ផ្លូវ​កាយ​ជា​ច្រើន​ណាស់​ដែល​បាន​ជា​សះ​ស្បើយ​ដាច់​ឫស​គល់​ឣស់។ តាម​ការពិត វិបស្សនា គឺ​ប្រាកដ​ជា​រំលាយ​ហេតុ​បី​យ៉ាង​នៃ​សេចក្តី​ទុក្ខ​ទាំងឣស់​បាន ពោល​គឺ៖ លោភ: ទោស: និង មោហ:។ ដោយសារ​ការបដិបត្តិ​យ៉ាង​ជាប់​ជានិច្ច សមាធិ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាពតានតឹង​ដែល​ចេះ​តែ​មាន​នៅ​ក្នុង​ការរស់នៅ​រាល់​ថ្ងៃ ហើយ​ជួយ​ស្រាយ​ចំណង​ដែល​កើត​ឡើង​ដោយសារ​ទម្លាប់​ចាស់​ដែល​ចេះ​តែ​នាំ​ចិត្ត​ឲ្យ​ធ្វើ​ប្រតិកម្ម​តប​នឹង​ស្ថានភាព​ជា​ទី​រីករាយ និង ជា​ទី​មិន​រីករាយ។

ទោះបី​វិបស្សនា​កម្មដ្ឋាន​នេះ​ជា​បច្ចេកទេស​ដែល​កើត​ចម្រើន​ឡើង​ដោយសារ​ព្រះសម្មាសម្ពុទ្ធ​ក៏​ដោយ ក៏​ការបដិបត្តិ​បច្ចេកទេស​នេះ​មិនមែន​កម្រិត​ទុក​ត្រឹម​តែ​ឣ្នកកាន់​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ។ ជា​ដាច់​ខាត​ឥត​មាន​រឿង​ផ្លាស់ប្តូរ​សាសនា​ឡើយ។ មនុស្ស​ទាំងឣស់​មាន​បញ្ហា​ចោទ​ឡើង​ដូចគ្នា ដូច្នេះ​បច្ចេកទេស​ដែល​ដោះស្រាយ​បញ្ហា​ទាំងឣស់​នេះ ក៏​ឣាច​យក​មក​ឣនុវត្ត​បាន​ជា​សាកល​ទូទៅ​ដូចគ្នា​ដែរ។ មនុស្ស​ឣ្នកកាន់​សាសនា​ដទៃ​ទៀត​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ដែល​កើត​មក​ពី​ការបដិបត្តិ​វិបស្សនា​កម្មដ្ឋាន​នេះ ហើយ​បាន​ពិនិត្យ​ឃើញ​ថា​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​នឹង​ជំនឿ​សាសនា​របស់​គេ​ឡើយ។

ការចម្រើន​កម្មដ្ឋាន និង វិន័យ​សម្រាប់​ខ្លួន​ឯង

វិធី​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង​ដោយ​ពិនិត្យ​មើល​ក្នុង​ខ្លួន​ឯង​គឺ​ពិត​ជា​មិនមែន​ងាយ​ស្រួល​ឡើយ។ សិស្ស​ត្រូវតែ​ខំ​ប្រឹង​ធ្វើការ​នេះ​ដោយ​តឹង​រឹង​ណាស់។ ដោយសារ​តែ​ការខំ​ប្រឹងប្រែង​ធ្វើការ​ផ្ទាល់​ខ្លួន ទើប​សិស្ស​ឣាច​ទៅ​ដល់​សេចក្តី​សម្រេច​របស់​ខ្លួន​ឯង​បាន គ្មាន​នរណា​ឣាច​ធ្វើការ​នេះ​ជំនួស​ខ្លួន​ឯង​បាន​ឡើយ។ ដោយ​ហេតុ​នេះ ការចម្រើន​កម្មដ្ឋាន​នឹង​មាន​ភាពសមរម្យ​ចំពោះ​ឣ្នក​ដែល​ពិត​ជា​ចង់​ធ្វើការ​ដោយ​ប្រាកដ​ប្រជា ហើយ​សុខ​ចិត្ត​ទទួល​គោរព​តាម​វិន័យ​ដែល​ជា​ច្បាប់​មួយ​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍ និង ដើម្បី​ជា​កិច្ច​ការពារ​ខ្លួនឯង​ផ្ទាល់​តែ​ប៉ុណ្ណោះ។ វិន័យ និង បទបញ្ជា ត្រូវ​ចាត់​ទុក​ជា​ផ្នែក​មួយ​ទាំង​ស្រុង​នៃ​បច្ចេកទេស​ចម្រើន​កម្មដ្ឋាន​នេះ។

ដប់​ថ្ងៃ​គឺ​ពិត​ជា​ខ្លី​ណាស់​ដើម្បី​នាំ​ចិត្ត​ឲ្យ​ចូល​ទៅ​ដល់​ថ្នាក់​ទី​ជម្រៅ និង ដើម្បី​រៀន​គាស់​រំលើង​ភាពស្មុគ្រស្មាញ​ដែល​កប់​នៅ​ក្នុង​នោះ​ឲ្យ​ដាច់​ឫស​គល់។ ការបដិបត្តិ​ឲ្យ​បាន​ជាប់​ជានិច្ច​នៅ​កន្លែង​ដែល​ដាច់​ឆ្ងាយ​ពី​គេ​តែ​ឯកឯង ជា​គន្លឹះ​សំខាន់​នៃ​ជោគជ័យ​របស់​បច្ចេកទេស​នេះ។ វិន័យ និង បទ​បញ្ជា​បាន​តាក់​តែង​ឡើង​ដោយ​យោល​ទៅ​លើ​ការបដិបត្តិ។ វិន័យ និង បទ​បញ្ជា​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រូ ឬ ក្រុម​ឣ្នកចាត់ការ​ឡើយ មិន​មែន​ដើម្បី​សម្តែង​គំនិត​ប្រពៃណី​ឥត​ប្រយោជន៍ មិន​មែន​ជា​ច្បាប់​សាសនា ឬ សទ្ធា​ងងឹត​ងងល់​ទៅ​លើ​សាសនា​ខ្លះ​នុ៎ះ​ទេ។ ផ្ទុយ​ទៅ​វិញ វិន័យ និង បទបញ្ជា​នេះ​មាន​មូលដ្ឋាន​ចេញ​មក​ពី​ការពិសោធន៍​របស់​ឣ្នកបដិបត្តិ​ធម៌​រាប់​ពាន់​នាក់​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ និង ជា​ច្បាប់​ដែល​ស្រប​តាម​ផ្លូវ​វិទ្យាសាស្ត្រ​ផង តាម​ផ្លូវ​វិចារណញ្ញាណ​ផង។ ការចេះ​ប្រកាន់​វិន័យ​ជា​ការជួយ​បង្កើត​បរិយាកាស​ល្អ​សម​គួរ​ដល់​ការចម្រើន​ធម៌។ រី​ឯ​ការប្រព្រឹត្តិ​បទ​ល្មើស​នឹង​វិន័យ​វិញ​គឺ​ជា​ការធ្វើ​ឲ្យ​សៅហ្មង​ដល់​ការចម្រើន​កម្មដ្ឋាន​នេះ។

សិស្ស​ទាំងឡាយ​ត្រូវ​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​ឲ្យ​បាន​គ្រប់​ដប់​ថ្ងៃ​ពេញ​បរិបូណ៌។ ក្រៅ​ពី​នេះ សិស្ស​ត្រូវ​តែ​ឣាន ហើយ​ត្រូវ​តែ​គោរព​ធ្វើ​តាម​វិន័យ​ផ្សេងៗ​ទៀត​ដោយ​ហ្មត់ចត់។ មាន​តែ​ឣ្នក​ដែល​យល់​ឃើញ​ថា​ឣាច​គោរព​តាម​វិន័យ​នេះ​បាន​ដោយ​សុទ្ធចិត្ត និង ដោយ​ហ្មត់ចត់​ទេ ទើប​គួរ​ដាក់​ពាក្យសុំ​ចូល​រៀន។ ចំពោះ​ឣ្នក​ដែល​មិន​ទាន់​បាន​រៀបចំ​ខ្លួន​ដើម្បី​ចូល​រៀន និង បដិបត្តិ​ឲ្យ​ឣស់​ពី​ចិត្ត​ទេ ការណ៍​នេះ​គឺ​គ្រាន់​តែ​នាំ​ឲ្យ​ខាត​ពេល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​រំខាន​ដល់​ឣ្នក​ឯ​ទៀត​ដែល​ចង់​បដិបត្តិ​ដោយ​ហ្មត់ចត់​ទៀត​ផង។ សិស្ស​ដែល​បម្រុង​ចូល​រៀន​ត្រូវ​យល់​ថា​ការចាក​ចេញ​មុន​ពេល​ចប់​ធម្មសិក្យា​ដោយ​ឃើញ​ថា ច្បាប់​វិន័យ​តឹង​តែង​ពេក ជា​ការនាំ​ឲ្យ​ខាត​ប្រយោជន៍​ខ្លាំង​ណាស់ ហើយ​ជា​ការ​មួយ​ដែល​គេ​មិន​គួរ​ធ្វើ​ទៀត​ផង។ ដូច​គ្នា​នេះ​ដែរ ជា​ការមួយ​គួរ​ឲ្យ​សោកស្តាយ​ណាស់ បើសិន​ជា​មាន​សិស្ស​ណា​ម្នាក់​មិន​គោរព​តាម​បទ​បញ្ជា ទោះបីគេ​បាន​រំលឹក​ជា​ញឹក​ញយ​ហើយ​ក៏​ដោយ នឹង​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​វគ្គសិក្សា។

មនុស្ស​មាន​វិបត្តិ​ផ្លូវចិត្ត​ខ្លាំង

ដោយ​មាន​បំណង​ចង់​បន្ធូរ​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត ជួនកាល​មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ខ្លាំង​បាន​ចូល​រួម​ក្នុង​វគ្គសិក្សា​វិបស្សនា ដោយ​សង្ឃឹម​ថា បច្ចេកទេស​នេះ​ឣាច​ធ្វើ​ឲ្យ​បញ្ហា​ផ្លូវ​ចិត្ត​បាន​ជា​សះស្បើយ ឬ បាន​ធូរ​ស្រាល។ មនុស្ស​ដែល​មាន​ទំនាក់​ទំនង​គ្មាន​លំនឹង ឬ ស្ថិរភាព​ជាមួយ​ឣ្នកដទៃ ហើយ​ធ្លាប់​មាន​ប្រវត្តិ​ទទួល​ការព្យាបាល​ជាច្រើន អាច​ជា​កត្តា​បន្ថែម​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ទទួល​ប្រយោជន៍​ពី​ការចូលរួម​វគ្គសិក្សា ១០ ថ្ងៃ​នេះ ឬ​មួយ​សូម្បី​តែ​ធ្វើ​វគ្គសិក្សា​ឲ្យ​ចប់​សព្វ​គ្រប់​ក៏​មិន​បាន​ផង។ ក្នុង​ឋាន:​ជា​ឣង្គការ​ស្ម័គ្រចិត្ត ដែល​មិន​មែន​ជា​ឣង្គការ​វិជ្ជាជីវ: យើង​មិន​ឣាច​ព្យាបាល​មនុស្ស​បែប​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ថ្វី​បើ​វិបស្សនា​មាន​ប្រយោជន៍​បំផុត​ចំពោះ​មនុស្ស​ភាគ​ច្រើន​ក៏​ដោយ ក៏​ប៉ុន្តែ​វិបស្សនា​មិនមែន​សម្រាប់​ជំនួស​ការព្យាបាល​រោគ​តាម​ក្បួន​ពេទ្យ ឬ ក្បួន​ចិត្តសាស្ត្រ​ទេ ហើយ​យើង​មិន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​ខ្លាំង​ចូល​មក​ចម្រើន​វិបស្សនា​កម្មដ្ឋាន​ឡើយ។

ច្បាប់​វិន័យ

មូលដ្ឋាន​នៃ​ការបដិបត្តិ​វិបស្សនា​គឺ សីល (Sila) — ធម្ម​ចរិយា។ សីល បង្កើត​មូលដ្ឋាន​សម្រាប់​ចម្រើន សមាធិ (Samadhi) — ការធ្វើ​ចិត្ត​ឲ្យ​មូល។ ហើយ​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​នឹង​សម្រេច​ឡើង​បាន​ដោយសារ បញ្ញា (Panna) — គតិ​បណ្ឌិត​នៃ​ការយល់ច្បាស់​អំពី​ភាពពិត។

សិក្ខាបទ

ក្នុង​រយ:ពេល​វគ្គសិក្សា ឣ្នក​ដែល​ចូលរួម​ធ្វើ​វិបស្សនា​ទាំងឣស់​ត្រូវ​ទទួល​គោរព​សិក្ខាបទ​ទាំង​ប្រាំ​ដោយ​ម៉ឺងម៉ាត់​ដូច​ត​ទៅ​នេះ៖ វៀរចាក​ការសម្លាប់​សត្វ; 
  1. វៀរចាក​ការលួច​ទ្រព្យ​គេ;
  2. វៀរចាក​សកម្មភាព​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង (មានន័យថា​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាពជា​មនុស្ស​លីវ​ក្នុង​មជ្ឈមណ្ឌល​វគ្គសិក្សា);
  3. វៀរចាក​ការពោល​ពាក្យ​កុហក;
  4. វៀរចាក​ការប្រើប្រាស់​នូវ​គ្រឿង​ស្រវឹង និង គ្រឿង​ញៀន​គ្រប់​បែប​យ៉ាង។

មាន​សិក្ខាបទ​បី​ថែម​ទៀត​ដែល​សិស្ស​ចាស់ (គឺ​សិស្ស​ទាំង​ឡាយ​ណា​ដែល​បាន​បំពេញ​វគ្គសិក្សា​ចប់​សព្វ​គ្រប់​ម្តង​រួច​ហើយ​ជាមួយ​លោក ហ្គោឥនកា ឬ គ្រូជំនួយ) ត្រូវ​គោរព​គឺ៖
  1. វៀរចាក​ការបរិភោគ​ឣាហារ​ក្រោយ​ពេល​ថ្ងៃ​ត្រង់;
  2. វៀរចាក​ការរាំ​ច្រៀង, ការប្រគំ​ដូរ្យ​តន្ត្រី និង ការតាក់តែង​លំអ​កាយ​ដោយ​ផ្កា​កម្រង និង គ្រឿង​ក្រឣូប​ផ្សេងៗ;
  3. វៀរចាក​ការប្រើ​ទី​សេនាសនៈ​ខ្ពស់​ហួស​ប្រមាណ ហើយ​ល្អ​ឆើតឆាយ។

សិស្ស​ចាស់​ត្រូវ​គោរព​សិក្ខាបទ​ទី ៦ ដោយ​ទទួល​ទានតែ​ទឹក​តែ ឥត​មាន​ទឹកដោះគោ ឬ ទឹក​ផ្លែ​ឈើ នៅពេល​សម្រាក​ម៉ោង ៥ ល្ងាច។ ចំណែក​សិស្ស​ថ្មី​ឣាច​ទទួល​ទាន​ទឹក​តែជាមួយ​ទឹកដោះគោ និង ផ្លែឈើ​ខ្លះ​បាន។ គ្រូ​ឣាច​ឣនុញ្ញាត​ឲ្យ​សិស្ស​ចាស់​ដែល​មាន​សុខភាព​មិន​ល្អ​មិន​ឲ្យ​កាន់​សិក្ខាបទ​ទី ៦ បាន។ ចំពោះ​សិក្ខាបទ​ទី ៧ និង ទី ៨ សិស្ស​ចាស់​ទាំង​ឣស់​គ្នា​ត្រូវតែ​គោរព។

ការយល់ព្រម​ទទួល​គ្រូ និង បច្ចេកទេស​កម្មដ្ឋាន

ក្នុង​រយ:ពេល​វគ្គសិក្សា សិស្ស​ត្រូវ​ទទួល​ធ្វើ​តាម​បទបញ្ជា និង ការណែនាំ​របស់​គ្រូ​ទាំង​ស្រុង។ គឺ​សិស្ស​ត្រូវ​ទទួល​ធ្វើ​តាម​ច្បាប់​វិន័យ ហើយ​ចម្រើន​កម្មដ្ឋាន​តាម​បញ្ជា​ទាំង​ស្រុង​របស់​គ្រូ ដោយ​មិន​បន្ថែម ឬ បន្ថយ​ឣ្វី​ឡើយ។ ការទទួល​ធ្វើ​តាម​នេះ​គឺ​ធ្វើ​ដោយ​មាន​ការយល់​ត្រឹមត្រូវ និង ច្បាស់លាស់ ដែល​មិន​មែន​ធ្វើ​ដោយ​ការចុះ​ចូល​ងងឹត​ងងល់​ទេ។ លុះត្រាតែ​មាន​សេចក្តី​ទុក​ចិត្ត​បែប​នេះ ទើប​សិស្ស​ឣាច​ធ្វើ​ការ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង ដោយ​ហ្មត់ចត់​បាន។ ការជឿ​ទុក​ចិត្ត​លើ​គ្រូ និង លើ​បច្ចេកទេស​កម្មដ្ឋាន​នេះ ជា​ការចាំបាច់​ដើម្បី​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការចម្រើន​កម្មដ្ឋាន។

បច្ចេកទេស​កម្មដ្ឋាន និង ពិធីបុណ្យ ពិធីសាសនា​ដទៃ

ក្នុង​រយ:ពេល​វគ្គសិក្សា​នេះ ការចាំបាច់​ដាច់​ខាត​គឺ​ត្រូវ​បញ្ឈប់​ការសូត្រ​ធម៌​បន់ស្រន់ ឬ ការប្រារឰ​ពិធី​បុណ្យ ពិធី​សាសនា​ទាំងឣស់​សិន ដូចជា​ការឣត់​ឣាហារ,ការដុត​ធូប​ទៀន, ការដុត​ប្រទីប, ការរាប់​ផ្គាំ, ការសូត្រ​មន្ត​ឣាគម, ការបន់ស្រន់, ការរាំ​ច្រៀង ឬ ការឣត់​ឣាហារ​ជាដើម។ បច្ចេកទេស​កម្មដ្ឋាន​ដទៃ និង បច្ចេកទេស​ព្យាបាល​ជំងឺ​ទាំងឣស់​ក៏​ត្រូវ​បញ្ឈប់​ទុក​មួយ​ឣន្លើ​សិន​ដែរ។ នេះ​មិនមែន​ជា​ការដាក់​ទោស​ទៅ​លើ​បច្ចេកទេស និង ការប្រារឰ​ពិធី​ទាំងឣស់​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​សាកល្បង​បច្ចេកទេស​វិបស្សនា​នេះ​ឲ្យ​បាន​សមរម្យ​តាម​ភាពបរិសុទ្ធ។

យើង​សូម​ទូន្មាន​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​ទាំងឡាយ​ថា ការយក​បច្ចេកទេស​វិបស្សនា​នេះ​ទៅ​លាយ​ឡំ​ដោយ​ចេតនា​ជាមួយ​នឹង​បច្ចេកទេស​ឯ​ទៀត គឺ​មិន​មែន​គ្រាន់​តែ​ជា​ឧបសគ្គ​ដល់​ការរីក​ចម្រើន​របស់​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ឣាច​ជា​ការដើរ​ថយ​ក្រោយ​ទៀត​ផង។ ទោះ​បី​មាន​ការព្រមាន​ជា​ញឹកញយ​ពី​គ្រូ​ក៏​ដោយ ក៏​នៅ​តែ​មាន​ហេតុការណ៍​ខ្លះៗ​ក្នុង​ឣតីតកាល​ដោយ​មាន​សិស្ស​ខ្លះ​បាន​យក​បច្ចេកទេស​នេះ​ទៅ​លាយ​ឡំ​ដោយ​ចេតនា​ជាមួយ​នឹង​បច្ចេកទេស​បដិបត្តិ​ផ្សេង​ទៀត ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​រង​ទុក្ខ​យ៉ាង​ខ្លាំង។ បើ​មាន​ការសង្ស័យ ឬ ការច្របូក​ច្របល់​បែប​ណា​មួយ​កើត​ឡើង សិស្ស​ឣាច​ទៅ​ជួប​គ្រូ​ជា​ដរាប​ដើម្បី​សុំ​ការពន្យល់​ឲ្យ​បាន​ច្បាស់​លាស់។

ការជួប​សម្ភាសន៍​ជាមួយ​គ្រូ

ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ ទៅ​ម៉ោង ១ រសៀល សិស្ស​ឣាច​ធ្វើ​សម្ភាសន៍​ផ្ទាល់​ជាមួយ​គ្រូ​បាន។ គេ​ក៏​ឣាច​សួរ​គ្រូ​ជា​សាធារណ:​បាន​ដែរ​ពី​ម៉ោង ៩ ទៅ​ម៉ោង ៩ កន្លះ​យប់​នៅ​ធម្មសាល។ សេចក្តី​សម្ភាសន៍ និង សំណួរ​គឺ​សម្រាប់​បំភ្លឺ​ឣំពី​បច្ចេកទេស និង បញ្ហា​ទាំង​ឡាយ​ដែល​កើត​ឡើង​ឣំពី​ការស្តាប់​ធម្មទេសនា​ពេល​ល្ងាច។

ឣរិយស្ងាត់

សិស្ស​ទាំង​ឣស់​ត្រូវ​តែ​គោរព​ឣរិយស្ងាត់ តាំង​ពី​ពេល​ចាប់ផ្តើម​វគ្គសិក្សា រហូត​ដល់​ពេល​ព្រឹក​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​ថ្ងៃ​ចម្រើន​កម្មដ្ឋាន។ ឣរិយស្ងាត់​គឺ​ការស្ងៀមស្ងាត់​តាម​ផ្លូវ​កាយ វាចា និង ចិត្ត។ ការទាក់ទង​គ្រប់​បែប​យ៉ាង​ជាមួយ​សិស្ស​ផង​គ្នា ត្រូវ​ហាមឃាត់​ទាំង​កាយ​វិការ ទាំង​កំណត់​សរសេរ និង ទាំង​សញ្ញា ជា​ភាសា​និយាយ៘

ប៉ុន្តែ​សិស្ស​ឣាច​និយាយ​ជាមួយ​គ្រូ​បាន នៅពេល​ណា​ដែល​មាន​ការចាំបាច់។ សិស្ស​ឣាច​ទាក់ទង​ជាមួយ​នឹង​ឣ្នកគ្រប់គ្រង​បាន​ដែរ ឣំពី​បញ្ហា​ដែល​ទាក់ទង​នឹង​ម្ហូប​ឣាហារ, ការស្នាក់​ឣាស្រ័យ, សុខភាព៘ ប៉ុន្តែ​ចំពោះ​ការទាក់ទង​នេះ គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​បំផុត។ សិស្ស​ត្រូវ​តែ​បណ្តុះ​ចិត្ត​ឲ្យ​មាន​ឣារម្មណ៍​ចេះ​គិត​ថា​ខ្លួន​នៅ​ចម្រើន​កម្មដ្ឋាន​នេះ​ដាច់​ពី​គេ​តែ​ម្នាក់​ឯង។

ការបំបែក​ភេទ​ប្រុស និង ស្រី

ការបំបែក​ភេទ​ប្រុស​ស្រី​ឲ្យ​នៅ​ដាច់​ពី​គ្នា​ត្រូវ​តែ​គោរព។ ក្នុង​អំឡុង​វគ្គសិក្សា​នេះ ប្តី​ប្រពន្ធ ឬ គូ​ប្រុស​ស្រី​មិន​ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ប្រការ​ណា​មួយ​ឡើយ។ មិត្តភក្តិœ សមាជិក​នៃគ្រួសារ៘ ក៏​ត្រូវ​គោរព​តាម​បទ​បញ្ជា​នេះ​ដែរ។

ការប៉ះពាល់​កាយ

ជា​ការសំខាន់​ណាស់ មិន​ត្រូវ​ឲ្យ​មាន​ការប៉ះពាល់​គ្នា​ដោយ​កាយ​ឡើយ ទោះ​បី​រវាង​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា​ក៏​ដោយ រហូត​ដល់​ពេល​ផុត​កំណត់​វគ្គសិក្សា​នេះ។

បច្ចេកទេស​យោគៈ និង ការហាត់ប្រាណ

ទោះ​បី​បច្ចេកទេស​យោគៈ និង ការហាត់ប្រាណ​ដទៃ​ទៀត​មាន​ភាពចុះ​សម្រុង​គ្នា​ជាមួយ​វិបស្សនា​ក៏​ដោយ ក៏​ក្នុង​រយ:ពេល​វគ្គសិក្សា គេ​ត្រូវតែ​ផ្អាក​ការហាត់​ទាំងឣស់​នេះ​មួយ​ឣន្លើ​សិន​ដែរ ពីព្រោះ​នៅ​ទី​នេះ គេ​គ្មាន​កន្លែង​សមរម្យ​ដាច់​ដោយ​ឡែក​សម្រាប់​ធ្វើ​ការហាត់​ទាំង​ឣស់​នោះ​ទេ។ សិស្ស​ទាំង​ឡាយ​ឣាច​ដើរ​ហាត់ប្រាណ​នៅ​កន្លែង​ដែល​គេ​បាន​កម្រិត​ទុក​ឲ្យ​ធ្វើ​សម្រាប់​សិស្ស​ប្រុស​ស្រី នៅ​អំឡុងពេល​សម្រាក។

វត្ថុ​សាសនា សៀវភៅ​សូត្រ​បន់ស្រន់ កែវ​មន្ត វត្ថុ​សក្តិសិទ្ធិ

គេ​មិន​ត្រូវ​យក​វត្ថុ​បែប​នេះ​ចូល​ក្នុង​មជ្ឈមណ្ឌល​កម្មដ្ឋាន​ទេ។ បើសិន​ជា​យក​ចូល​មក​ដោយ​ចៃដន្យ គេ​ត្រូវ​តែ​យក​ទៅ​ផ្ញើ​ទុក​នឹង​ក្រុម​ឣ្នកគ្រប់គ្រង​ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា​នេះ។

គ្រឿងញៀន និង ថ្នាំស្ពឹក ឬ ថ្នាំស្រវឹង

ថ្នាំស្ពឹក ឬ ថ្នាំស្រវឹង​ទាំងឡាយ រាប់​ទាំង​ថ្នាំ​ឲ្យ​ដេក​លក់​ផង, ថ្នាំ​រំងាប់​ចិត្ត, ថ្នាំ​រំងាប់​ការឈឺចាប់​ផ្សេងៗ, ស្រា ឬ គ្រឿងញៀន​គ្រប់​បែប​យ៉ាង​មិន​ត្រូវ​យក​ចូល​ក្នុង​មជ្ឈមណ្ឌល​កម្មដ្ឋាន​ទេ។ សិស្ស​ណា​ដែល​ជាប់​ប្រើប្រាស់​ថ្នាំ​តាម​បទបញ្ជា​ពេទ្យ​ត្រូវ​ជូន​ដំណឹង​ទៅ​គ្រូ។

ថ្នាំជក់, ថ្នាំ​ចុក, ម្លូស្លា​បារី

ដើម្បី​សុខភាព និង ផាសុកភាព​របស់​សិស្ស​ទាំងអស់ ថ្នាំជក់, ថ្នាំចុក ឬ ម្លូស្លា​បារី មិន​ឣនុញ្ញាត​ឲ្យ​មាន​ក្នុង​អំឡុង​វគ្គសិក្សា​នេះ​ទេ។

ម្ហូប​ឣាហារ

គេ​មិន​ឣាច​ផ្តល់​ម្ហូប​ឣាហារ​ឲ្យ​បាន​សម​តាម​សេចក្តី​ចូល​ចិត្ត​របស់​ឣ្នកចម្រើន​កម្មដ្ឋាន​ទាំង​ឣស់​គ្នា​បាន​ទេ។ ហេតុនេះ​គេ​សុំ​ឲ្យ​សិស្ស​ទាំងឣស់​បរិភោគ​តែ​ម្ហូប​សាកាហារី (ម្ហូប​គ្មាន​សាច់) គឺ​បន្លែ​ផ្លែឈើ​ដែល​គេ​ផ្តល់​ឲ្យ​តែ​ប៉ុណ្ណោះ។ ឣ្នកចាត់ការ​នៃ​ក្រុមឣ្នកគ្រប់គ្រង​ខំ​ព្យាយាម​ផ្តល់​នូវ​ម្ហូប​ឣាហារ​ប្រកប​ដោយ​ជីវជាតិ​ល្អ សមរម្យ សម​គួរ​ដល់​ការចម្រើន​កម្មដ្ឋាន ដោយ​មិន​ធ្វើ​តាម​ទស្សនៈ​ឣាហារ​ពិសេស​ណា​មួយ​ទេ។ បើ​មាន​សិស្ស​ណា​ម្នាក់​ត្រូវ​តម​ម្ហូប​តាម​បញ្ញត្តិ​ពេទ្យ​ដោយសារ​មាន​ជំងឺ គេ​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រុម​ឣ្នកគ្រប់គ្រង នៅពេល​សុំ​ចុះ​ឈ្មោះ។ ម៉្យាងវិញទៀត គេ​មិន​ឣនុញ្ញាត​ឲ្យ​តម​ឣត់​ឣាហារ​នៅ​ពោះ​ទទេ​ឡើយ។

សម្លៀក​បំពាក់

សម្លៀក​បំពាក់​ត្រូវ​មាន​របៀប​ធម្មតា​រម្យទម្យ​សម​សួន។ សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​សំពត់​ភ្លឺ​ឆ្លុះ មើល​ឃើញ​សាច់​ដែល​រឹត​តឹង ឬ សម្រាប់​ដេក​ហាល​ថ្ងៃ​ដែល​នាំ​ឲ្យ​ស្រើបស្រាល ត្រូវ​ហាម​ឃាត់​ជា​ដាច់​ខាត។ មិន​ឣនុញ្ញាត​ឲ្យ​ដេកហាល​ថ្ងៃ​ទេ។ ត្រូវ​គ្រប​ដណ្តប់​ខ្លួន​ឲ្យ​ជិត ត្រូវ​មាន​ឣាកប្យ​កិរិយា​រម្យទម​សមសួន។ បំរាម​នេះ​សំខាន់​ណាស់​ដើម្បី​កុំ​ឲ្យ​ឣ្នកដទៃ​មាន​ចិត្ត​រាយមាយ​ដោយសារ​សម្លៀក​បំពាក់។

ការបោកគក់ និង ការងូត​ទឹក

ឥត​មាន​ម៉ាស៊ីន​បោក ឬ ហាល​សម្លៀក​បំពាក់​ទេ។ ដូច្នេះ​សិស្ស​ត្រូវ​តែ​យក​សម្លៀក​បំពាក់​មក​ឲ្យ​បាន​គ្រប់គ្រាន់។ ឥវ៉ាន់​តូច​តាច​ឣាច​បោក​គក់​ដោយ​ដៃ​បាន។ ការងូត​ទឹក និង បោក​គក់​ឣាច​ធ្វើ​បាន​តែ​នៅក្នុង​ពេល​សម្រាក​ប៉ុណ្ណោះ ហើយ​មិន​ត្រូវ​ធ្វើ​នៅ​ពេល​ម៉ោង​ចម្រើន​កម្មដ្ឋាន​ទេ។

ការទាក់ទង​ទៅ​លោក​ខាងក្រៅ

សិស្ស​ត្រូវ​ស្ថិត​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​រហូត​ដល់​ចប់​វគ្គសិក្សា​ពេញ​បរិបូណ៌។ សិស្ស​ឣាច​ចេញ​ពី​ទី​នេះ​បាន លុះ​ត្រា​តែ​បាន​ទទួល​សេចក្តី​ឣនុញ្ញាត​ពិសេស​ពី​គ្រូ។ មុន​ពេល​វគ្គសិក្សា​ចប់​សព្វ​គ្រប់ មិន​ត្រូវ​ឲ្យ​មាន​ទំនាក់ទំនង​ទៅ​លោក​ខាងក្រៅ​ទេ។ ទំនាក់ទំនង​នេះ​រាប់​បញ្ចូល​ទាំង​សំបុត្រ, ទាំង​អ៊ីមែល, ទាំង​ទូរសព្ទ និង ការទទួល​ភ្ញៀវ​ទាំងឡាយ។ ទូរសព្ទ​ដៃ និង ឧបករណ៍​ឣេឡិចត្រូនិច​ទាំងឡាយ​ត្រូវ​ផ្ញើ​ទុក​នឹង​ក្រុម​ឣ្នកគ្រប់គ្រង រហូត​ដល់​ពេល​ចប់​វគ្គសិក្សា។ ក្នុង​ករណី​មាន​ឣាសន្ន មិត្តភក្តិœ ឬ បងប្អូន​ឣាច​ទាក់ទង​ជាមួយ​ក្រុម​ឣ្នកគ្រប់គ្រង​បាន។

តន្ត្រី ការឣាន និង ការសរសេរ​កត់ត្រា

គេ​មិន​ឣនុញ្ញាត​ឲ្យ​មាន​ការលេង​ភ្លេង ការបើក​វិទ្យុ​ស្តាប់​ទេ។ សៀវភៅ​ឣាន, សៀវភៅ​សរសេរ ក៏​មិន​ត្រូវ​យក​មក​ជាមួយ​ក្នុង​ឱកាស​វគ្គសិក្សា​នេះ​ដែរ។ សិស្ស​មិន​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រាយមាយ​ដោយសារ​ការសរសេរ ឬ ការកត់ត្រា​ឣ្វី​ឡើយ។ ការដាក់​កម្រិត​មិន​ឲ្យ​ឣាន និង សរសេរ​កត់ត្រា​នេះ គឺ​ដើម្បី​សង្កត់​លើ​ការបដិបត្តិ​កម្មដ្ឋាន​នេះ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ទៀត​តែ​ប៉ុណ្ណោះ។

ប្រដាប់​ថត​សំឡេង និង ម៉ាស៊ីន​ថត​រូប

ប្រដាប់​ទាំង​ឣស់​នេះ​ឣាច​ប្រើ​បាន លុះត្រាតែ​មាន​ការឣនុញ្ញាត​ពិសេស​ពី​គ្រូ។

ហិរញ្ញវត្ថុ​សម្រាប់​វគ្គសិក្សា

ដោយ​យោង​ទៅ​តាម​ប្រពៃណី​ធម៌​បរិសុទ្ធ​នៃ​វិបស្សនា ជា​មូលដ្ឋាន វគ្គសិក្សា​នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​តែ​ឣំណោយ​ទាន​របស់​សប្បុរសជន។ ឣំណោយ​ទាន​ឣាច​ទទួល​យក​បាន​តែ​ពី​ជន​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​វគ្គសិក្សា ១០ ថ្ងៃ​ចប់​សព្វ​គ្រប់ យ៉ាង​ហោច​ណាស់​ម្តង​រួច​ហើយ ជាមួយ​លោក ហ្គោឥនកា ឬ គ្រូ​ជំនួយ។ សិស្ស​ដែល​ចូល​រៀន​លើក​ទី​មួយ​ឣាច​ធ្វើ​ឣំណោយ​ទាន​បាន នៅពេល​ចប់​វគ្គសិក្សា ឬ នៅពេល​ក្រោយ​ណា​មួយ​ទៀត​ក៏​បាន។

តាម​របៀប​នេះ វគ្គសិក្សា​ទាំង​ឡាយ​ត្រូវ​បាន​គាំទ្រ​ដោយ​មនុស្ស​ទាំងឡាយ​ដែល​បាន​ស្គាល់​រសជាតិ និង ប្រយោជន៍​ធម៌​ដោយ​ខ្លួន​ឯង។ ដោយ​មាន​បំណង​ចង់​ចែក​ប្រយោជន៍​ជាមួយ​ឣ្នកដទៃ គេ​ឣាច​ធ្វើ​ទាន​បាន​តាម​ចេតនា និង មធ្យោបាយ​ដែល​គេ​មាន។ ឣំណោយ​ទាន​ទាំងឣស់​នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​បង់​សោហ៊ុយ​វគ្គសិក្សា​តាម​ប្រពៃណី​នេះ នៅ​ជុំ​វិញ​ពិភពលោក។ គ្មាន​មូលនិធិ ឬ គហបតី​ឯកជន​ណា​ទទួល​បន្ទុក​លើ​វគ្គសិក្សា​ទាំងនេះ​ទេ។ ទាំង​គ្រូ ទាំង​ឣ្នករៀបចំ​វគ្គសិក្សា គ្មាន​នរណា​ម្នាក់​បាន​ទទួល​កម្រៃ​សម្ភារ:​ឣ្វី​ពី​វគ្គសិក្សា​នេះ​ឡើយ។ ការផ្សព្វផ្សាយ​វិបស្សនា​តាម​របៀប​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​គោលដៅ​យ៉ាង​ល្អ​បរិសុទ្ធ គ្មាន​ឣ្វី​ទាក់ទង​នឹង​ការធ្វើ​ជំនួញ​ទេ។

ហេតុនេះ ទោះបី​ឣំណោយ​ទាន​របស់​ឣ្នក​តិច​ក្តី ច្រើន​ក្តី សូម​ធ្វើ​ឣំណោយ​ក្នុង​គោល​បំណង​ចង់​ជួយ​ឣ្នកដទៃ៖ 'ដោយ​ហេតុ​ថា មាន​ជន​ដទៃ​បាន​ធ្វើ​ទាន​ដើម្បី​បង់​សោហ៊ុយ​វគ្គសិក្សា​របស់​ខ្ញុំ ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​សូម​ធ្វើ​ទាន​វិញ​ម្តង​ដើម្បី​បង់​សោហ៊ុយ​វគ្គសិក្សា​ទៅ​ឣនាគត ដើម្បី​ឲ្យ​ឣ្នកដទៃ​ឣាច​បាន​ទទួល​ផល​ប្រយោជន៍​ឣំពី​បច្ចេកទេស​វិបស្សនា​នេះ​ផង​ដែរ'។

ជា​សង្ខេប

ដើម្បី​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ឣំពី​គោល​គំនិត​នៃ​ច្បាប់​វិន័យ និង បទ​បញ្ជា​ទាំង​ឣស់​នេះ គេ​ឣាច​បង្រួម​សេចក្តី​ដូច​ត​ទៅ៖

សូម​ប្រុង​ប្រយ័ត្ន​ជានិច្ច ដោយ​មិន​ធ្វើ​ឣំពើ​ឣ្វី​ដែល​នាំ​ឲ្យ​រំខាន​ដល់​ឣ្នកដទៃ។ សូម​កុំ​យក​ចិត្ត​ទុក​ដាក់​នឹង​ឣំពើ​បន្លែ​បន្លប់​របស់​ឣ្នកដទៃ។

សិស្ស​ឣាច​មិន​យល់​ហេតុ​សំអាង​នៃ​ការឣនុវត្ត​ចំណុច​ខ្លះ​របស់​វិន័យ​ដែល​មាន​ចែង​ខាង​លើ​នេះ។ ដូច្នេះ ជា​ជាង​បណ្តោយ​ឲ្យ​ភាពឣកុសល និង ការសង្ស័យ​កើត​ឡើង សិស្ស​ត្រូវ​តែ​សុំ​ឲ្យ​គ្រូ​ជួយ​ពន្យល់​បំភ្លឺ​ភ្លាម​មួយ​រំពេច។

គឺ​មាន​តែ​ការប្រកាន់​វិន័យ និង ការខំ​ប្រឹងប្រែង​ជា​ឣតិបរមា​ទេ ដែល​ឣាច​នាំ​សិស្ស​ឲ្យ​យល់​ច្បាស់​ល្អ​ផង, ឲ្យ​បាន​ទទួល​ប្រយោជន៍​ពី​ការបដិបត្តិ​នេះ​ផង។ ការដែល​ត្រូវ​សង្កត់​ក្នុង​ឱកាស ១០ ថ្ងៃ​នេះ​គឺ ការបដិបត្តិ។ វិន័យ​ល្អ​ប្រសើរ​គឺ​ធ្វើ​ការ​ហាក់​បី​ដូចជា​យើង​នៅ​តែ​ម្នាក់​ឯង ដោយ​ផ្ចង់​ចិត្ត​ទៅ​ខាង​ក្នុង ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឣំពើ​បន្លែ​បន្លប់ ព្រមទាំង​ការរំខាន​ទាំងឡាយ​ដែល​ឣាច​ជួប​ប្រទះ។

ជា​ឣវសាន សិស្ស​ទាំងឡាយ​ត្រូវ​ដឹង​ថា ការរីក​ចម្រើន​ក្នុង​មាគ៌ា​វិបស្សនា ឣាស្រ័យ​តែ​ទៅ​លើ​គុណ​សម្បត្តិ និង ការរីក​ចម្រើន​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ ការរីក​ចម្រើន​នឹង​កើត​មាន​ឡើង​បាន ឣាស្រ័យ​ទៅ​លើ​កត្តា ៥ យ៉ាង​ដូច​ត​ទៅ​នេះ​ទៀត​គឺ៖ ការប្រឹងប្រែង​យ៉ាង​ខ្លាំង, សទ្ធា, សេចក្តី​ស្មោះត្រង់, សុខភាព និង បញ្ញា។

សូម​ឲ្យ​ព័ត៌មាន​ច្បាប់វិន័យ និង ការណែនាំ​ខាង​លើ​នេះ ជួយ​ឣ្នក​ឲ្យ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​ឣតិបរមា។ យើង​មាន​សេចក្តី​រីក​រាយ​ណាស់ ដោយ​មាន​ឱកាស​បម្រើ​ឣ្នក​នៅ​ពេល​នេះ ហើយ​សូម​ជូន​សព្វ​សាធុការ​ពរ សូម​ឲ្យ​ឣ្នក​បាន​ប្រកប​តែ​នឹង​សន្តិភាព សុខដុមរមនា ដែល​កើត​ឡើង​ដោយសារ​ការពិសោធន៍​នៃ​វិបស្សនា​កម្មដ្ឋាន​នេះ។

កាលវិភាគ​វគ្គសិក្សា

កាលវិភាគ​សម្រាប់​វគ្គសិក្សា​ដូច​មាន​ខាង​ក្រោម​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​រក្សា​ស្ថិរភាព​នៃ​ការបដិបត្តិ​ឲ្យ​បាន​ជាប់​ជានិច្ច។ សិស្ស​ត្រូវ​ទទួល​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់​ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ​ជា​ទី​បំផុត។

នៅ​ម៉ោង ៤ព្រឹក      ស្នូរ​ជួង​ដាស់​ឲ្យ​ភ្ញាក់
ពី​ម៉ោង ៤:៣០ ទៅ ៦:៣០   ចម្រើន​ធម៌​នៅ​លំនៅ​ផ្ទាល់​ខ្លួន ឬ នៅ​ធម្មសាល​ស្រប​តាម​បញ្ជា​គ្រូ
ពី​ម៉ោង ៦:៣០ ទៅ ៨:០០   ស្រស់ស្រូប​ពេលព្រឹក និង សម្រាក
ពី​ម៉ោង ៨:០០ ទៅ ៩:០០   ចម្រើន​ធម៌​ជុំ​គ្នា​នៅ​ធម្មសាល
ពី​ម៉ោង ៩:០០ ទៅ ១១:០០   ចម្រើន​ធម៌​នៅ​លំនៅ​ផ្ទាល់​ខ្លួន ឬ នៅ​ធម្មសាល​ស្រប​តាម​បញ្ជា​គ្រូ
ពី​ម៉ោង ១១:០០ ទៅ ១២:០០   បាយ​ថ្ងៃ​ត្រង់ និង សម្រាក
ពី​ម៉ោង ១២:០០ ទៅ ១៣:០០   សម្រាក និង សម្ភាសន៍​ជាមួយ​គ្រូ
ពី​ម៉ោង ១៣:០០ ទៅ ១៤:៣០   ចម្រើន​ធម៌​នៅ​លំនៅ​ផ្ទាល់​ខ្លួន ឬ នៅ​ធម្មសាល
ពី​ម៉ោង ១៤:៣០ ទៅ ១៥:៣០   ចម្រើន​ធម៌​ជុំ​គ្នា​នៅ​ធម្មសាល
ពី​ម៉ោង ១៥:៣០ ទៅ ១៧:០០   ចម្រើន​ធម៌​នៅ​លំនៅ​ផ្ទាល់​ខ្លួន ឬ នៅ​ធម្មសាល​ស្រប​តាម​បញ្ជា​គ្រូ
ពី​ម៉ោង ១៧:០០ ទៅ ១៨:០០   សម្រាក អាហារ​ល្ងាច (សិស្ស​ថ្មី) ភេសជ្ជ: តែ (សិស្ស​ចាស់)
ពី​ម៉ោង ១៨:០០ ទៅ ១៩:០០   ចម្រើន​ធម៌​ជុំ​គ្នា​នៅ​ធម្មសាល
ពី​ម៉ោង ១៩:០០ ទៅ ២០:១៥   ធម្មទេសនា​ពេល​ល្ងាច​នៅ​ធម្មសាល
ពី​ម៉ោង ២០:១៥ ទៅ ២១:០០   ចម្រើន​ធម៌​ជុំ​គ្នា​នៅ​ធម្មសាល
ពី​ម៉ោង ២១:០០ ទៅ ២១:៣០   ពេល​សួរ​គ្រូ​នៅ​ធម្មសាល
នៅ​ម៉ោង ២១:៣០   ចូលដំណេក ពន្លត់ភ្លើង

អ្នក​អាច​ទាញយក​ឯកសារ​ចម្លង​នៃ​ច្បាប់​វិន័យ​ខាងលើ​ជា​ទ្រង់ទ្រាយ Adobe Acrobat ទីនេះ សម្រាប់​ការអាន និង ពិនិត្យ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់ មុន​ពេល​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​វគ្គសិក្សា។ អ្នក​អាច​សុំ​ចូលរួម​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​ដោយ​ការបំពេញ និង ដាក់​ពាក្យសុំ​នៅ កាលបរិច្ឆេទ​វគ្គសិក្សា។